ក្រសួងឧស្សាហកម្ម សហការជាមួយស្ថានទូតអូស្ត្រាលី រៀបចំពិធីបើកសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត»


 

(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំធីបើកសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត» ដែលជា ព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី, តំណាង UNDP, តំណាងសហភាពអឺរ៉ុប EUអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ UNIDO, អង្គការអេននីជីឡេបអាស៊ី និងសមាជិក សមាជិកា តំណាងក្រសួង ស្ថានប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

កម្មវិធីនេះ នឹងដាក់បង្ហាញពីរបៀបដែលថាមពលស្អាតពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ព្រមទាំងទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារ នៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើថាមពល និងបច្ចេកវិទ្យាស្អាត។ សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។

កម្មវិធីពេញមួយសប្ដាហ៍នេះ នឹងផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៍។

មិនតែប៉ុណ្ណោះ ក្នុងសប្ដាហ៍ថាមពលស្អាត នឹងមានការចាក់បញ្ចាំងវីដេអូឯកសារខ្លី ផលិតដោយនិស្សិតកម្ពុជា ដែលនិយាយអំពីការច្នៃប្រឌិត និងភាពជោគជ័យក្នុងវិស័យថាមពលស្អាត រួមទាំងការតាំងពិពណ៌បង្ហាញពីស្នាដៃសិល្បៈ Solarpunk ដោយសិល្បករកម្ពុជា និងសិល្បករមកពីទូទាំងអាស៊ីអាគ្នេយ៍។

ចំពោះមុខអង្គពិធី, ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៏ថា «ថាមពលស្អាតមានសារៈសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។ អន្តរកាលថាមពលស្អាត នឹងជំរុញឱ្យកម្ពុជាធ្វើការបានកាន់តែប្រសើរ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងថ្នាក់តំបន់ និងពិភពលោក។ វានឹងបង្កើតប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយគុណភាព»។

បន្ថែមពីនេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។ កិច្ចខិតខំទាំងនេះ មិនត្រឹមតែជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែនឹងបើកឱកាសក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតគូរពីការប្រែប្រួលអាកាសធាតុ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រទេសកម្ពុជាបានកំណត់គោលដៅយ៉ាងរឹងមាំគឺ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% កាត់បន្ថយការប្រើប្រាស់ថាមពលប្រមាណ ១៩% តាមរយៈប្រសិទ្ធភាពថាមពល និងរនិងបង្កើនចំនួនយានយន្តអគ្គិសនីឲ្យបាន ៧៧០,០០០គ្រឿងលើដងផ្លូវ នៅត្រឹមឆ្នាំ២០៣០។

ដោយលើកឡើងពីអត្ថប្រយោជន៍ នៃការសម្រេចបាននូវគោលដៅដ៏មានសក្ដានុពលនេះ, លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថានៅគ្រប់ប្រទេសដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិធ្វើការ វិស័យថាមពលគឺស្ថិតនៅជួរមុខនៃរបៀបវារៈឆ្នាំ២០៣០ របស់យើង។ អន្តរកាលទៅរកអព្យាក្រិតកាបូន គឺជាកត្តាលិករដែលមិនអាចខ្វះបាន នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយនឹងគុណលក្ខណៈដូចជា ភាពធន់នៃសេដ្ឋកិច្ច និងសង្គម លទ្ធភាពចំណាយ និងសន្តិសុខមនុស្សជាតិ។ ថាមពលដែលមានតម្លៃសមរម្យ និងរួមបញ្ចូល។

លោក បានបន្តថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការផ្លាស់ប្តូរហិរញ្ញប្បទានបៃតង ជំរុញហិរញ្ញវត្ថុសាធារណៈ និងកាត់បន្ថយហានិភ័យទាំងឡាយ។

ជាមួយគ្នានេះ លោក ង៉ោ សឺន ណត្តារុណ នាយកប្រតិបត្តិប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី បានមានប្រសាសន៍ថា
កម្ពុជាមានឱកាសដ៏យូរអង្វេង ប្រើប្រាស់ថាមពលស្អាតក្នុងការជំរុញ សមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបង្ហាញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់យក ឱកាសនានាដែលថាមពលស្អាតអាចផ្ដល់ឱ្យ។

គួរបញ្ជាក់ថា សប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ នឹងបន្តជ្រោមជ្រែងកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី ដែលផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរទិដ្ឋភាពថាមពលរបស់ខ្លួន ដោយព្យាយាមផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់ទាំងមូល។

សូមជម្រាបថា ក្រោមប្រធានបទ «ជម្រុញសេដ្ឋកិច្ចថាមពលស្អាត» ព្រឹត្តិការណ៍នេះមានរយៈពេលមួយសប្តាហ៍ ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ ថ្ងៃទី៩ ខែតុលានេះ ដោយផ្តោតលើតួនាទីសំខាន់របស់ថាមពលស្អាត ក្នុងការពង្រឹងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។