(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ផ្ញើសារអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារភ្នែក។
ក្រសួងបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោកសហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់ បង្ការភាពពិការភ្នែកបានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ នៃខែតុលា រៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែបានចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ ក្នុងគោលបំណងបង្កើនការយល់ដឹងថែទាំសុខ ភាពភ្នែក អាស្រ័យដោយភាពពិការភ្នែក និងការថយចុះគំហើញធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា យើងអាចធ្វើការ ការពារ និងព្យាបាលបានរហូតដល់ ៩២.២%។
នៅក្នុងឆ្នាំ២០២៥នេះ សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «ស្រឡាញ់ភ្នែករបស់អ្នក» ដោយផ្តោតប្រធានបទសំខាន់ ទៅលើការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះធ្ងន់ធ្ងរ ដែលបណ្តាល មកពីជំងឺមិនឆ្លង ជាពិសេស ជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម ដែលកំពុងតែមានអត្រាកើនឡើងខ្ពស់ នៅទូទាំងពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងព្រឹត្តិការណ៍សុខភាពភ្នែកពិភពលោក ដ៏មានសារៈសំខាន់នេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងណែនាំនូវវិធានការងាយៗដូចខាងក្រោម៖
* ត្រូវទៅពិនិត្យភ្នែកចំពោះអ្នក មានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម នៅមណ្ឌលថែទាំភ្នែក ឬ មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតទូទាំងព្រះរាជាណាចក្រកម្ពុជា។
* អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺមិនឆ្លង៖ តិចខ្លាញ់ តិចអំបិល តិចស្ករ។
* ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច ៥ថ្ងៃក្នុង មួយសប្តាហ៍។
* ត្រូវតាមដាន ព្យាបាល និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំនាញផ្នែកទឹកនោមផ្អែម និងឡើង សម្ពាធឈាមឱ្យបានទៀងទាត់ល្អ។
ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នា ចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិត ទាបបំផុតតាមដែលយើងអាចធ្វើបាន»៕