ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា គ្រូអប់រំកាយ និងកីឡាជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទា និងសុខភាព សម្រាប់សិស្សានុសិស្សរបស់យើង ដោយការអប់រំកាយ និងកីឡាមិនមែនគ្រាន់តែជាមុខវិជ្ជាបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏ចាំបាច់នៃកម្មវិធីសិក្សា ដើម្បីធានាបាននូវការលូតលាស់ពេញលេញទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា ឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត&ស្ប៉ា ខេត្តសៀមរាប ពីថ្ងៃទី០៨-១២ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា ជាពិសេសវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា អង្គការពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានសហការគ្នារៀបចំសិក្ខាសាលាដ៏សំខាន់នេះ ដោយវគ្គបំប៉ននេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តពង្រឹងគុណវុឌ្ឍិគ្រូអប់រំកាយ និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា វគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡា ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខេត្តសៀមរាបលើការបង្រៀនមុខវិជ្ជាអប់រំកាយ ស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ នៅកម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែល្អប្រសើរជាងមុន។ នេះជាគោលដៅធ្វើឱ្យសិស្សានុសិស្សមានការលូតលាស់ល្អទាំងផ្នែករាងកាយ និងបញ្ញា ដែលជាហេតុនាំឱ្យកាយសម្បទាមាំមួន និងមានសុខភាពល្អ ពោលគឺធ្វើឱ្យពួកគេមានគុណតម្លៃ៤យ៉ាងគឺ៖ ឥរិយាបថ ចំណេះដឹង ជំនាញ និងសហការ ដែលជាធាតុដ៏សំខាន់ក្នុងការជួយឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សល្អ ដើម្បីអភិវឌ្ឍប្រទេសជាតិ។
រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា សមិទ្ធផលវិស័យកីឡាក្នុងរយៈប្រមាណ១០ឆ្នាំចុងក្រោយនេះដូចជា ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងបានធ្វើការកែលម្អ និងបំពាក់ឧបករណ៍នានាឱ្យមានលក្ខណៈស្តង់ដាឡើងវិញនូវទីលាន និងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗ ជាពិសេសគឺការរៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដាអន្តរជាតិ ដើម្បីជំរុញការគាំទ្រពីមហាជនចំពោះវិស័យកីឡា ការដាក់ចេញនូវទិសដៅអប់រំកាយ ដោយយើងបានជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមុខវិជ្ជាអប់រំកាយ និងកីឡា នៅក្នុងកម្មវិធីសិក្សាតាមសាលារៀន ដើម្បីធានាបានថា សិស្សានុសិស្សគ្រប់រូបមានទម្លាប់រស់នៅសកម្ម និងមានសុខភាពល្អ។
គួរបញ្ជាក់ថា វគ្គបំប៉ននេះមានសិក្ខាកាមចូលរួម ២៩នាក់ ក្នុងនោះសិក្ខាកាមមកពីខេត្តសៀមរាប២៥នាក់ មកពីវិទ្យាស្ថានអប់រំពិសេស ២នាក់ និងមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង ២នាក់៕

