ឯកឧត្តម សុខ សូកេន បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តមបណ្ឌិត រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់


ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥  ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តមបណ្ឌិត រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ និងបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចការងារនេះ កម្ពុជា និងកុំមិនវែលដូមីនីក បានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕