នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះពិនិត្យជាក់ស្តែង លើគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមជម្រាបថា នៅក្នុងមូលដ្ឋានជម្រកគ្រឿងចក្រនេះ មានអគារការិយាល័យ និងសំណង់ជម្រកគ្រឿងចក្ររបស់នាយកដ្ឋានចំនួនពីរគឺ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម។ បច្ចុប្បន្ននេះ គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ ប៊ុលដូហ្ស័រ វ៉ូឡូ សាហ្ស័រ នីវើល័រ រថយន្តបែន រថយន្តជាង រថយន្តដឹកគ្រឿងចក្រ រថយន្តដឹកទឹក រថយន្តសណ្ដោង រថយន្តស្ទូច និងរ៉ឺម៉កសណ្ដោង ជាដើម របស់នាយកដ្ឋានវិស្វកម្មមានចំនួន ១៤១គ្រឿង ក្នុងនោះគ្រឿងចក្រដែលកំពុងប្រើប្រាស់មានចំនួន ១០០គ្រឿង គ្រឿងចក្រសម្រាប់អន្តរាគមន៍ចំនួន ១២គ្រឿង និងគ្រឿងចក្រមិនអាចប្រើបានមានចំនួន ២៩គ្រឿង។ ដោយឡែក នាយកដ្ឋានធារាសាស្ត្រកសិកម្ម មានម៉ាស៊ីនបូមទឹកចល័ត៦៥សេះសម្រាប់អន្តរាគមន៍ចំនួន ១៥គ្រឿង និងអេស្កាវ៉ាទ័រចំនួន ៣គ្រឿង។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ រដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញទាំងពីរ ក្នុងការរៀបចំ គ្រប់គ្រង ថែទាំ និងជួសជុលគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ព្រមទាំងការរៀបចំបរិស្ថានទីតាំង និងបន្ទប់ការិយាល័យធ្វើការបានល្អប្រសើរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញទាំងពីរ ឱ្យបន្តយកចិត្តទុកដាក់លើការងារសម្អាតបរិស្ថាន ការងាររៀបចំការិយាល័យ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញបន្តវេន ការថែរក្សា ការជួសជុល និងការថែទាំគ្រឿងចក្រ ម៉ាស៊ីនបូមទឹកចល័ត សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានា ទាំងថ្មីទាំងចាស់ ប្រកបដោយគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសការគ្រប់គ្រងទិន្នន័យ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីត្រៀមជាស្រេចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ពេលមានគ្រោះធម្មជាតិដូចជា គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕