អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លីបំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថមានវិចារណញ្ញាណមួយចំនួនផងនោះកាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។
ទង្វើគឃ្លីនជាបន្តបន្ទាប់ឥតអៀនខ្មាសពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិ ដែលច្បាប់តម្រូវរកឱ្យឃើញជាមុនសិនថាជារបស់អ្នកណា។ ជាក់ស្តែងចំណុចរំលោភបំពាននោះបានកំពុងស្ថិតក្រោមការកាន់កាប់ រស់នៅអាស្រ័យផលនៃពលរដ្ឋកម្ពុជាស្រស់ៗ តៗជំនាន់តាំងពីកកើតសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ មកម្ល៉េះ។
អង្គហេតុបង្កើតដោយថ កំពុងរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍នីតិអន្តរជាតិ ស្ដីពី «ការកំណត់ព្រំដែនតាមអាណានិគមនិយម»។ គោលការណ៍នេះ បានផ្ដល់ឱ្យរដ្ឋភាគីស្វែងរកចំណុចឯកភាពក្នុងករណីនៅមានមន្ទិល តាមរយៈគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ។ តែផ្ទុយទៅវិញ ថៃធ្វើមិនយល់ និងមិនអនុវត្តតាមគោលការណ៍នីតិអន្តរជាតិនេះទេ គឺបង្កើតកំហុសម្ដងហើយម្ដងទៀត តាមរូបភាពមនុស្សព្រៃ អនុវត្តច្បាប់ព្រៃ យកច្បាប់អាជ្ញាសឹករបស់ថៃ មកអនុវត្តលើដែនអធិបតេយ្យរបស់កម្ពុជា។
យោងតាមលក្ខន្តិកទីក្រុងរ៉ូម (Rome Statute) នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សកម្មភាពថៃ បានចូលក្នុងធាតុផ្សំ នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាអាទិ៍ ការធ្វើទុក្ខបុកម្នេញ ការរុញច្រានបណ្ដេញចេញដោយបង្ខំ ដែលជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធទៅលើប្រជាជនស៊ីវិល។ ជាងនេះទៅទៀត ការដាក់ឱសានវាទ ការគំរាមចាប់ខ្លួន ការរារាំងមិនឱ្យអាស្រ័យផលលើដីធ្លី ការហ៊ុំមព័ទ្ធយកផ្ទះសម្បែងកន្លងមក បូកទាំងការប្រើគ្រឿងចក្រឈូសឆាយ តាមវិធីសាស្ត្រយកច្បាប់អាជ្ញាសឹកថៃ អនុវត្តលើអធិបតេយ្យកម្ពុជា ទោះក្រោមហេតុផលណាក៏ដោយ គឺសុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពទាំងនេះ ជាការបំពានទាំងស្រុងលើសមត្ថកិច្ច គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)។ លើពិភពលោកនេះ ការវាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់ គឺមិនអាចទទួលយកបានឡើយ ដែលនេះគឺជាឧក្រិដ្ឋកម្មឈ្លានពានយ៉ាងប្រាកដ។
ជាថ្មីម្ដងទៀត ក្រសួងមហាផ្ទៃថៃ រដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដូចដែលមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិ បានឃើញយ៉ាងច្បាស់ក្រឡែតជាបន្តបន្ទាប់ និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឱ្យអស់ទៅនូវរាល់ផែនការជាប្រព័ន្ធ ដែលចង់តែបំផ្លិចបំផ្លាញបទឈប់បាញ់ដែលភាគីទាំងពីរ និងមិត្តភក្តិបរទេស បានចូលរួមបង្កើតឡើងយ៉ាងលំបាក។
បញ្ឈប់ទៅមហិច្ឆតាឈ្លានពានទឹកដីប្រទេសជិតខាង រួមទាំងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែន! បញ្ឈប់ទៅភាពច្រំដែលនៃការព្យាយាមបង្វែរសាធារណមតិផ្ទៃក្នុង និងអន្តរជាតិ ចេញពីការកត់សម្គាល់លើភាពច្របូកច្របល់ និងបែកបាក់របស់ខ្លួនតាមរយៈការបង្កជម្លោះជាមួយប្រទេសជាប់ភូមិផង។
សូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តក្នុងអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាពគា្នទៅវិញទៅមករវាងកម្ពុជា និងថៃ។ ការរួមចំណែកនេះ មិនមែនមានកម្មវត្ថុជួយតែប្រទេសកម្ពុជាដែលហែលឆ្លងកាត់សោកនាដកម្មនៃភ្លើងសង្គ្រាមដ៏កម្សត់ពីអតីតកាលនោះទេ ក៏ប៉ុន្តែ ក៏ដើម្បីបុព្វហេតុរួមនៃមនុស្សជាតិ គឺការចង់បាននឹងថែរក្សាសន្តិភាព ស្ថិរភាព ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលស្របតាមគោលការណ៍សណ្ដាប់ធ្នាប់ពិភពលោក៕