ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញទទួលស្វាគមន៍ការមកដល់របស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Datuk Seri Dr. Ahmad Zahid Hamidi ដែលបំពេញទស្សនកិច្ចការងារនៅកម្ពុជា


(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលស្វាគមន៍ការមកដល់របស់ឯកឧត្តម Datuk Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី ដែលអញ្ជើញមកទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) ដែលរៀបចំ នៅរាជធានីភ្នំពេញ។

ពិធីទទួលស្វាគមន៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក គីម វីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះផងដែរ នៅថ្ងៃទី១៤ ខែតុលានេះ ឯកឧត្តម Datuk Seri Dr. Ahmad Zahid Hamidi នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៕