កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ កើនជាង១៤ភាគរយ នៅរយៈពេល៩ខែ ឆ្នាំ២០២៥


(ភ្នំពេញ)៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានជាង ៤ម៉ឺនជើង កើនជាង១២ភាគរយ ដោយទទួលបានអ្នកដំណើរជាង ៥លាននាក់ កើនជាង១៤ភាគរយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា គិតចាប់ពី ខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៥ ព្រលានយន្តហោះទាំងបីរបស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង៤ម៉ឺនជើង ឬស្មើ៤៧,៦៣៧ជើង កើនឡើង១២% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ចំណែកអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង៥លាននាក់ ឬស្មើនឹង៥,១០៩,៣២៥ នាក់ កើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

សម្រាប់ការទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ម៉ឺនតោន ឬស្មើ៦៤,៥១៣ តោន មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។

ឯកឧត្តមបញ្ជាក់ថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមានចំនួន ៣២ក្រុមហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤៕