(ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម H. TAJ YASIN MAIMOEN អភិបាលរងខេត្តជ្វាកណ្តាល (Central Jawa) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីជំរុញធ្វើកិច្ចសហការគ្នាលើវិស័យហាឡាល អប់រំ និងផ្សេងៗទៀត។ ជំនួបនេះ ធ្វើឡើងឆ្លៀតក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចសន្និសីទអន្តរជាតិពិភពម៉ាឡាយូពិភពឥស្លាម(DMDI) លើកទី២៣ នៅទីក្រុងហ្សាកាតា។
ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមអភិបាលរង បានសម្ដែងនូវការរីករាយសប្បាយចិត្ត ដែលលោកបណ្ឌិតទេសរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ បានឆ្លៀតពេលវេលាដែលកំពុងមាញឹក ក្នុងពេលបំពេញទស្សនកិច្ចការងារ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលជួបពិភាក្សាការងារជាមួយថ្នាក់ខេត្តជ្វាកណ្តាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណអភិបាលរងខេត្តជ្វាកណ្តាល ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មកកាន់ខេត្តនេះ។ ឯកឧត្តមបានរៀបរាប់ពីវឌ្ឍនភាពសហគមន៍ឥស្លាម និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានការីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានមួយផ្នែកវិស័យហាឡាលផងដែរ ជូនអភិបាលរងខេត្ត។
ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល ដោយបានជំរុញឲ្យមានការពង្រីកទំនាក់ទំនង ដើម្បីបង្កើតជា មជ្ឈមណ្ឌលសេដ្ឋកិច្ចហាឡាល (Halal Hub)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើខេត្តជ្វាកណ្តាល ពិនិត្យលទ្ធភាពវិនិយោគ លើវិស័យហាឡាលនៅកម្ពុជា ព្រោះកម្ពុជាមានលក្ខណៈអំណោយផលជាច្រើនដូចជាសម្បូរដោយវត្ថុធាតុដើម និងកម្លាំងពលកម្មមានតម្លៃទាប ដែលការវិនិយោគនេះ នឹងជួយផលិតទំនិញហាឡាល ដើម្បីបំពេញតម្រូវការប្រើប្រាស់សម្រាប់ប្រជាជនមុស្លិម និងប្រជាជនទូទៅ ទាំងសម្រាប់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានស្នើសុំ ពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ទៅសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម នៅទីនោះផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានបង្ហាញការសប្បាយរីករាយក្នុងការទទួលយកសំណើធ្វើកិច្ចការសហការគ្នាលើវិស័យហាឡាល ហើយលោកបានអញ្ជើញប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅពេលវេលាសមស្របណាមួយ ដើម្បីរៀបចំឲ្យមាននូវទស្សនកិច្ចទៅកាន់តំបន់ហាឡាល (Halal Zone) ដែលនៅក្នុងខេត្តនេះផ្ទាល់តែម្តង។ ចំពោះសំណើអាហារូបករណ៍ ឯកឧត្តម បានទទួលយក ព្រមទាំងស្នើសុំឲ្យពិនិត្យមើលសាលា ឬគ្រឹះស្ថានឧត្តមសិក្សាណាមួយ ដែលមានលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតមកពីប្រទេសកម្ពុជា ដើម្បីអាចទៅសិក្សានៅទីនោះ។
សូមជម្រាបថា ទីក្រុង Semarang មានប្រជាជនរស់នៅ ជាង១.៧លាននាក់ ហើយសរុបទូទាំងខេត្តជ្វាកណ្ដាល មានប្រជាជនរស់នៅ ជិត៣៩ លាននាក់ និងមានផ្ទៃដីទំហំជាង ៣២,៨០១គីឡូម៉ែត្រការ៉េ។ រាជរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេលើពិភពលោក មានគោលនយោបាយជាតិទូលំទូលាយ ដើម្បីជំរុញឧស្សាហកម្មហាឡាល (Halal Industry) ដោយចង់ធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជា មជ្ឈមណ្ឌលហាឡាលពិភពលោក (Global Halal Hub)។
ចំពោះការជំរុញនេះ ខេត្តជ្វាកណ្តាល ត្រូវបានរាជរដ្ឋាភិបាលលើកស្ទួយឲ្យក្លាយជា មជ្ឈមណ្ឌលឧស្សាហកម្មហាឡាលជាតិ (Hub Industri Halal Nasional) ដោយផ្តោតលើ ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈហាឡាល ការនាំចេញឱសថបុរាណហាឡាល ទេសចរណ៍ហាឡាល និងសេវាកម្មធម្មយាត្រាហាជ្ជី និងសហគ្រាសខ្នាតតូច មធ្យម និងសេដ្ឋកិច្ចឌីជីថលឥស្លាម៕