កម្ពុជាប្រាប់កិច្ចពិភាក្សាធុរកិច្ចអាស៊ាន ថា ត្រៀមខ្លួនចូលរួមសហការប្រឆាំងបទល្មើសឆបោកតាមអនឡាញ


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកបង្ហាញ អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗជាសកល តួយ៉ាងដូចជាបទល្មើសឆបោកតាមអនឡាញជាដើម។

យោងតាមធនាគារជាតិនៃកម្ពុជាបានអោយដឹងថាបទបង្ហាញនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវបណ្ឌិត ជា សិរី បាន អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦ ក្រោមប្រធានបទ៖ “ផ្តោតលើកិច្ចការធនាគារកណ្តាល៖ អតិផរណា ភាពមានការងារធ្វើ និងរូបិយប័ណ្ណ” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងវេទិកានេះលោកជំទាវក៏បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញថា គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ ខណៈប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ លោកជំទាវបានផ្ដល់ជាយោបល់នៅក្នុង កិច្ចប្រជុំនេះថា«យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជាប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។ បន្ថែមលើនេះ លោកជំទាវបានបង្ហាញអំពី ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សំដៅបង្កើនទំនុកចិត្តរបស់វិនិយោគិន។

លោកជំទាវក៏បានឆ្លៀតលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសកម្ពុជាដែលបង្កើនភាពអំណោយផលដល់បរិយាកាសវិនិយោគ និងការពន្លឿនការធ្វើពិពិធកម្មផលិតផលនាំចេញ និងទីផ្សារនាំចេញ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ផងដែរ៕