(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្ត Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្របសម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។
ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ។ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ តាមរយះការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្ត និងកោតសរសើដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។
ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរឹងមាំ។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួមឱ្យកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផល៕




