រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសៀមបូក ខេត្ត


(ស្ទឹងត្រែង)៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំនៅឃុំ អូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ប្រមាណជា៤០០នាក់ ។

ឯកឧត្តម ឈាង ឡាក់ បានមានប្រសាសន៍ថា៖ នៅស្រុកសៀមបូក ប្រជាពលរដ្ឋបានសំណូមពរចំនួន ២៦សំណូមពរ ដែលភាគច្រើនគឺពាក់ព័ន្ធនឹង ផ្លូវ ស្ពាន អគ្គិសនី ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ពាក់ព័ន្ធនិងការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត រួមនិងប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ បានធ្វើការដោះស្រាយរួចរាល់នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នោះ។

គួរបញ្ជាក់ថា នៅស្រុកសៀមបូក បានទទួលគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការស្ថាបនាផ្លូវ ស្ពាន ជាគម្រោង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានជាបន្តបន្ទាប់។ វេទិកាសាធារណៈនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

វេទិកាសាធារណៈនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិការក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា៕