(ព្រៃវែង)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨,៨០៩ម៉ែត្រ បង្គោលអំពូលសូឡា ចំនួន ២៨៨ដើម និងចាក់សាបបេតុង ចំនួន ១កន្លែង ទំហំ ២, ៣៦០ម៉ែត្រការ៉េ ស្ថិតក្នុងឃុំពោធិ៍រៀង និងឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតនោះផងដែរ។ (មានផ្លូវគឺមានក្តីសង្ឃឹម)។
ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា សមិទ្ធផលថ្មីទាំងនេះ នឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម និងការបង្កើនសោភ័ណភាព និងសុវត្ថិភាពនៅពេលយប់។
ឯកឧត្ដម អភិសន្តិបណ្ឌិត បន្ថែមថា សមិទ្ធផលថ្មីនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍនៅទូទាំងប្រទេស ជាពិសេសតាមតំបន់ជនបទ។ សរុបមក ការសម្ពោធសមិទ្ធផលថ្មីនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងការសាមគ្គីភាពរបស់ប្រជាពលរដ្ឋ ក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ៕

.j.jpg)
.j.jpg)
.j.jpg)

.j.jpg)


