ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល


(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ស្ថិតក្នុងក្រុងតាខ្មៅ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, អភិបាលក្រុង-ស្រុក, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី និងនិវត្តជន សរុបចំនួនជាង ៤០០នាក់។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចឯកឧត្តម គួច ចំរើន បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគម ជាពិសេសអនុវត្តតួនាទីធ្វើជាសេនាធិការជូនគណៈកម្មាធិការ សមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវរួម ព្រមទាំងពង្រឹងការដឹកនាំរចនាសម្ព័ន្ធ និងរៀបចំបង្កើតលេខាធិការដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីជាសេនាធិការដោះស្រាយការងារប្រចាំថ្ងៃរបស់ សមាគមខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានសន្យាខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក ដោយជម្រុញការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្ដែង ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការជួយអន្តរគមន៍នានា។

នាឱកាសនោះឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាលនាពេលនេះ គឺជាការជំរុញថែមទៀតនូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្តជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មើលឃើញថា អតីតយុទ្ធជន និងនិវត្តជន សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា តបស្នងនឹងគុណបំណាច់ជូនអតីតយុទ្ធជន និងនិវត្តជន, សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម បានបន្តផែនការការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាកបន្ថែមពីលើអត្ថប្រយោជន៍នានាដែលទទួលបាន។

ជាចុងបញ្ចប់ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនថ្នាក់ដឹកនាំសមាគមខេត្ត, ក្រុង សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕