(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តំបន់ទន្លេមេគង្គ បានក្លាយជាចំណែកមួយសំខាន់ ជាធាតុចូលសម្រាប់លើកកម្ពស់ការអនុវត្តនូវសកម្មភាពនៅតាមសហគមន៍ទាំងនៅកម្ពុជា និងនៅក្នុងសហគមន៍ផ្ទាល់របស់ខ្លួន ដើម្បីរួមចំណែកជួយផ្តល់នូវដំណោះស្រាយបញ្ហាអាកាសធាតុតាមរយៈទឹកភ្លៀង។
ការលលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងសិក្ខាសាលាស្តីពី «ការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និង ការប្រកួតប្រជែងកម្មវិធីទឹកភ្លៀង» ក្រោមគម្រោងស្តីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់ នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» ដែលមានរយៈពេល២ថ្ងៃ នៅសាលបឹងទន្លេឆ្មារ អគារខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានកោតសរសើរដល់សាស្ត្រាចារ្យ មូយ៉ុង ហាន ចំពោះកិច្ចប្រឹងប្រែងក្នុងការបង្កើតឡើងនូវប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ នៅតាមបណ្តាប្រទេសជាច្រើន ហើយប្រមូលផ្តុំនូវការច្នៃប្រឌិតទាំងឡាយ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការស្វែងរកដំណោះស្រាយ និងជម្រុញសកម្មភាពបង្កើនភាពធន់នឹងអាកាសធាតុតាមរយៈដំណោះស្រាយទឹកភ្លៀងនេះ។
ឯកឧត្តមបណ្ឌិតបានបន្ដថា ការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិនេះ ប្រមូលផ្តុំដោយយុវជនវ័យក្មេង ដែលមានចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់ភាពធន់នឹងអាកាសធាតុតាមរយៈដំណោះស្រាយទឹកប្រកបដោយចីរភាព ដែលត្រូវបានហៅថាជាក្រុម BiTS មកពីបណ្តាប្រទេសតំបន់ទន្លេមេគង្គ ក្នុងនោះ៖ មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម ជាមួយនឹងវត្តមាននៃក្រុមការងារអ្នក ជំនាញឯកទេសខាងទឹកភ្លៀងនៃសាកលវិទ្យាល័យជាតិកូរ៉េ(SNU)។
ឯកឧត្តមបណ្ឌិត បានបន្ដតៀតថា ក្រៅពីការផ្លាស់ប្តូរយោបល់គ្នា បង្ហាញនូវគំនិតច្នៃប្រឌិត បទពិសោធន៍ និងមេរៀនដែលរៀនសូត្រ បានពីការបង្កើតនូវប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមបណ្តាប្រទេសទន្លេមេគង្គ ប្អូនៗទាំងអស់គ្នា នឹងមានឱកាសបានទៅពិនិត្យមើលដោយផ្ទាល់ពី ប្រព័ន្ធប្រមូលទឹកភ្លៀង របស់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ដែលទទួលបានការគាំទ្រមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ ហើយប្អូនៗក៏នឹងមានឱកាសទៅពិនិត្យការរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងរបស់ប្អូនៗនៅវិទ្យាល័យកំបូលដូចគ្នា។
សូមជម្រាបដែរថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងការយល់ដឹងជាសាធារណៈ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ភាពធន់នឹងអាកាសធាតុនៅទូទាំងតំបន់នៃបណ្តាប្រទេសទន្លេមេគង្គផងដែរ៕













