សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារនៃសពលោក ឌី ណៃ ដែលត្រូវយោធាថៃ បាញ់ប្រហារយ៉ាងសាហាវឃោរឃៅ នៅភូមិព្រៃចាន់


(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារនៃសព របស់លោក ឌី ណៃ ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងលិខិតរំលែកមករណទុក្ខ បានសរសេរថា «ខ្ញុំ និងភរិយាមានក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាលោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវក្តីសង្វេគស្ទើររកទីបំផុតគ្មាន ជាមួយ ក្រុមគ្រួសារនៃសព ព្រោះថាមរណភាពលោក ឌី ណៃ គឺជាការបាត់បង់នូវសមាជិកគ្រួសារសាច់សាលោហិត ជាទីស្រឡាញ់ បើទោះបីលោកបាត់បង់ក៏ពិតមែន តែក្នុងស្មារតី ជាជាតិខ្មែរតែមួយ ខ្ញុំ និងភរិយាពិតជាមាន ការសោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក និងកោតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការ ស្នេហាជាតិស្រឡាញ់សន្តិភាព របស់លោក ជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួងចិត្តរបស់ ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមឱ្យឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ភរិយា»