ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ


(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើបង្កហេតុរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលបានបាញ់ប្រហារយ៉ាងព្រៃផ្សៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ខេត្ត បន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឱ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត និងរងរបួស។

ការវាយប្រហារឈ្លានពានដោយអាវុធមកលើប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិប តេយ្យ និងបូរណភាពដែនដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួមដែលបាន ចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំង គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ក្រុមប្រឹក្សាធម្មនុញ្ញ អំពាវនាវដល់ជនរួមជាតិខ្មែរគ្រប់រូប ចងបាច់ឆន្ទៈមោះមុត រួបរួមសាមគ្គីគ្នាជាធ្លុង មួយនៅជុំវិញរាជរដ្ឋាភិបាល ក្នុងការពង្រឹងឯកភាពជាតិ និងខឿនការពារជាតិឱ្យកាន់តែមាំមួនឡើង ក្រោមម្លប់ ព្រះបារមីនៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញ ដើម្បី រក្សាការពារទឹកដី អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរនៃយើង៕