តាកែវ៖ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើត ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការនៅតាមព្រំប្រទល់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្តទាំងពីរ គឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធ អធិការនគរបាលស្រុក និងមេឃុំដែលជាប់ព្រំប្រទល់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នារវាងខេត្តទាំងពីរក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យស្រុកដែលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំឲ្យមាន ប៉ុស្តិ៍នគរបាលចល័តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
ឯកឧត្ដម បន្ថែមថា ប៉ុស្តិ៍ចល័តនេះមានគោលដៅត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រវាងអាជ្ញាធរខេត្តទាំងពីរ ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគាំទ្រចំពោះសំណើរបស់ឯកឧត្តមអភិបាលខេត្តតាកែវ ក្នុងការរៀបចំឲ្យមានប៉ុស្តិ៍នគរបាលចល័តប្រចាំការនៅតាម ដងផ្លូវជាតិលេខ ៣ ត្រង់ចំណុចព្រំប្រទល់ខេត្តទាំងពីរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានបញ្ជាក់ថា៖ «ការរៀបចំឲ្យមានប៉ុស្តិ៍នគរបាលប្រចាំការ មិនត្រឹមតែចូលរួមធានាដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយបទល្មើសផ្សេងៗប៉ុណ្ណោះទេ តែវាក៏បានជួយដល់ការសម្រួលចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ ព្រោះមានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះចាំជួយសម្របសម្រួលផងដែរ»៕



