កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង


នាព្រឹកថ្ងៃចន្ទ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ ស័ប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេធាវីរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

 

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អក្នុងឱកាសនៃការរៀបចំពិធីការជួបប្រាស្រ័យមិត្តភាពរវាងប្រមុខក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិប្រទេសវៀតណាមនៅទីតាំងបង្គោលព្រំដែនលេខ១៧១ នាពេលកន្លងទៅក៏ដូចជាការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត។

 

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យតាមដានការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋនិងតម្លៃទីផ្សារនៃការលក់ដូរ។

២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសងសង់សំណង់នានាដែលរំលោភមកដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។

៣. រដ្ឋបាលក្រុង/ស្រុកត្រូវបន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អជូនប្រជាពលរដ្ឋ។

៤.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៥.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។

៦.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

៧.ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសាកលខាងមុខនេះរដ្ឋបាលបាលក្រុង/ស្រុកទាំងអស់ត្រូវរៀបចំតុបតែភ្លេីងលម្អរនៅតាមទីសាធារណៈនានាក៏ដូចជាអង្គភាពរបស់ខ្លួន ឱ្យបានស្រស់ស្អាតដេីម្បីទទួលអំណរសាទរឆ្នាំថ្មីឆ្នាំសកល២០២៦។