យុវជនគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត


(ភ្នំពេញ)៖ យុវជនគណបក្សប្រជាជនកម្ពុជាទីស្ដីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទីស្ដីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំក៏បានធ្វើការប្រកាសផងដែរនូវសេចក្តីសម្រេចមួយចំនួនពាក់ព័ន្ធនឹងការកែសម្រួលសមាសភាព និងតែងតាំងបំពេញបន្ថែមតាមបណ្តាផែនចំណុះនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នៃការងារ។

ជារួម យុវជនគណបក្សទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញនូវតួនាទីរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ជាជំនួយការឱ្យគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមគោលការណ៍ដែលថា «យុវជនគណបក្សក្រសួងស្ថាប័នណា គឺស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សក្រសួងស្ថាប័ននោះ» ក៏ដូចជាបណ្តាភារកិច្ចនានា ស្របតាមសេចក្តីកំណត់របស់គណៈកម្មាធិការកណ្តាល និងយុវជនថ្នាក់កណ្តាល ដោយធានាបាននូវការឯកភាពខាងទស្សនៈ គោលជំហរ និងសកម្មភាពការងារ។

ដោយផ្អែកលើសភាពការណ៍ និងសំណូពរការងារចំពោះមុខ យុវជនគណបក្សទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយផ្តោតលើយុទ្ធសាស្រ្ត និងសកម្មភាពការងារអាទិភាពមួយចំនួន ដើម្បីធ្វើឱ្យយុវជនអាចក្លាយជា «កម្លាំងស្នូល និងជាកម្លាំងឈានមុខ» របស់គណបក្សក្នុងគ្រប់កាលៈទេសៈ និងត្រូវក្ដាប់ជាប់ បំផុសការគាំទ្រ និងផ្សព្វផ្សាយបញ្ជ្រាបនូវកម្មវិធីនយោបាយ គោលនយោបាយ សេចក្ដីសម្រេចចិត្តនានារបស់គណបក្ស ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់គណបក្ស ក៏ដូចជា របស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ដើម្បីបង្កើនភាពទាក់ទាញ ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ យុវជនក៏ត្រូវយកចិត្តទុកដាក់ដុសខាត់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព។

យុវជនគណបក្សទីស្ដីការគណៈរដ្ឋមន្រ្តី បន្តប្តេជ្ញាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងការពារសម្តេចតេជោប្រធានគណបក្ស និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ជាស្នូលដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រជាជន។

យុវជនគណបក្សទីស្ដីការគណៈរដ្ឋមន្រ្តី ក៏បន្តពង្រឹងនិងសម្រួចជាប់ជាប្រចាំនូវគោលជំហរស្នេហាជាតិ សាមគ្គីឯកភាពជាតិ ស្រលាញ់ប្រជាជន និងបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងដោយឥតលក្ខខណ្ឌ ពិសេសការចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាជន។

យុវជនគណបក្សទីស្ដីការគណៈរដ្ឋមន្រ្តី សូមសំដែងនូវការគោរពដឹងគុណសារជាថ្មីម្តងទៀត ចំពោះយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។