(កំពង់ធំ)៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពង់ធំ ក្នុងនោះ ឯកឧត្តម ឡុង កេសភីរម្យ ពីប្រធានសាលាដំបូងខេត្តស្ពឺ មកជាប្រធានសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ទៅប្រធានសាលាដំបូងខេត្តកោះកុង ស្ថិតនៅសាលាដំបូងខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ឯកឧត្តម ផូង វណ្ណ អតីតប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលបានដឹកនាំសហការីរបស់ខ្លួនអនុវត្តការងារបានយ៉ាងល្អប្រសើរ ដោយបានខិតខំបម្រើវិស័យយុត្តិធម៌ដោយមិនលម្អៀង យុត្តិធម៌ តែងតែសហការ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ពិសេសបានរួមចំណែកយ៉ាងធំធេង ធ្វើឱ្យខេត្តកំពង់ធំ មានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមល្អប្រសើរ រួមទាំងសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗ ជាបន្តបន្ទាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរភារកិច្ចពីប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ មកជាប្រធានសាលាដំបូងខេត្តកំពង់ធំ នឹងបន្តអនុវត្តតាមតួនាទី/ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិកា វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់ នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ ទទួលបានជោគជ័យ។ លើសពីនេះទៅទៀតត្រូវពង្រឹង និងយកចិត្តទុកដាក់ លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា។
ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ធំថ្មី បានប្តេជ្ញាចិត្តមានដូចតទៅ÷ ១.ស្មោះត្រង់ និងបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។ ២.បន្តចូលរួមគ្រប់កាល:ទេស: និងគ្រប់ស្ថានភាព នៃការកែទម្រង់ច្បាប់ក្នុង ប្រព័ន្ធយុត្តិធម៌។ ៣.ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ប្រកបស្មារតីបុរេសកម្ម ដែលជាមុំមួយក្នុងចំណោមមុំទាំងប្រាំ ដោយសំដៅដល់ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពច្បាប់។ ៤.ចូលរួមគ្រប់កាល:ទេស: និងគ្រប់សកម្មភាពក្នុងការទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ៥.ពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័នសាលាដំបូង ក្នុងការផ្តល់សេវាយុត្តិធម៌ ចំណាត់ការដោះស្រាយសំណុំរឿង។ ៦.ពង្រឹងវិន័យផ្ទាល់ខ្លួន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងប្រកបវិជ្ជាជីវៈដោយសេចក្តីថ្លៃថ្នូរ។ ៧.យកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិចូលរួមចំណែកផ្តល់កិច្ចសហការជាមួយក្រសួង។ ៨.ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។




