អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ក្នុងរដូវខែរងា


ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជាអាវរងា ព្រមទាំងថវិកាជូនប្រជាពលរដ្ឋនៅឃុំសាលាក្រៅ និង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនស្របពេលអាកាសធាតុកំពុងចុះត្រជាក់ដែលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងបី តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលាដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

លោកជំទាវ បានមានប្រសាសន៍លើកឡើងថាខែរងារធ្លាក់ខ្យល់បានមកដល់ហើយខេត្តប៉ៃលិនគឺជាខេត្តមានព្រៃភ្នំច្រើន ដែលអាកាសធាតុចុះត្រជាក់ខ្លាំងបើធៀបនឹងបណ្តាខេត្តផ្សេងៗ ងាយឱ្យកើតមានជំងឺដម្កាត់ផ្សេងៗដូច្នេះបងប្អូន ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការថែទាំសុខភាពនិងរស់នៅប្រកបដោយអនាម័យតែបើមានករណីកើតជម្ងឺសូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក ដែលនៅជិតជាបន្ទាន់ដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យនិងព្យា បាលបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការចិញ្ចឹមសត្វ និងការដាំដុះបន្លែផ្លែឈើធម្មជាតិទាំងបរិមាណនិងគុណភាពដើម្បីធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារនិងតម្លៃមួយសមរម្យ ហើយជំរុញដល់មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនិងត្រូវរួមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឆ្លើយតបទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕