(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ក្នុងការសិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញជាច្រើនរូបទៀត។
សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បានបញ្ចប់ការសិក្សាបឋមសម្រាប់តភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន៕




















