(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកជំទាវ ខៀវ វណ្ណា, ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានចាត់ទុកមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការដឹកនាំ និងលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងបទពិសោធន៍ខ្ពស់ ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដោយការទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។
ទោះបីរូបកាយឯកឧត្តមសាស្ត្រាចារ្យ បានឃ្លាតឆ្ងាយទៅក៏ពិតមែន ប៉ុន្តែស្នាដៃ និងសមិទ្ធផលជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសការងារលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២៖១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ៕


