(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ «២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ពិធីអបអរសាទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គម្រប់ខួប ៥០ឆ្នាំ «២ ធ្នូ ១៩៧៥-២ ធ្នូ ២០២៥» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរទិវាថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវគម្រប់ខួប ៥០ឆ្នាំ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា នឹងចូលជួបសម្តែងការគួរសម ឯកឧត្តមឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងបញ្ជាក់ឡើងវិញនូវការរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ឡាវ និងជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅថ្ងៃអនាគត៕


