តាមការចាត់តាំងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានដឹកនាំ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចូលរួម «វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦» ដែលរៀបចំដោយគណបក្សសម្ព័ន្ធស៊ីវិលហុងគ្រី (Fidesz) កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមប្រធានបទ «សន្តិភាពនិងប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី» ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងស្ថាប័នស្រាវជ្រាវចំនួន ២៩គណបក្ស មកពីចំនួន ២៤ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប។
ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងគណបក្ស Fidesz របស់ហុងគ្រី រួមទាំង ឯកឧត្តម László Kövér ប្រធានរដ្ឋសភា បានលើកឡើងអំពីគោលជំហរយុទ្ធសាស្ត្ររបស់ហុងគ្រី សម្រាប់តំបន់អឺរ៉ាស៊ីនៅក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោកថ្មី ដោយហុងគ្រីអាចដើរតួនាទីស្នូលជាស្ពាន តភ្ជាប់ទំនាក់ទំនង នយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងទ្វីបអាស៊ីនិងអឺរ៉ុប និងលោកខាងកើតនិងលោកខាងលិច។
ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការតភ្ជាប់អន្តរវប្បធម៌ និងអន្តរអរិយធម៌រវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ដោយយកអត្តសញ្ញាណ និងគុណតម្លៃរួមជាស្នូល កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការទូតវប្បធម៌ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ការគោរពចំពោះតម្លៃមនុស្សជាតិ និងសន្តិសហវិជ្ជមាន ដើម្បីសន្តិភាព តម្លៃលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពរួម។
កិច្ចប្រជុំបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស ដែលបានសង្កត់ធ្ងន់ថា សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវកសាងឡើងមិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់ទេ ប៉ុន្តែដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួម ព្រមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិពាក់ព័ន្ធ ពង្រឹងយន្តការដោះស្រាយនិងសម្របសម្រួលជម្លោះ និងការផ្សះផ្សាឡើងវិញ។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងនីតិរដ្ឋបានទេ។ កិច្ចប្រជុំបានស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយការទូតនិងកិច្ចសន្ទនា ចៀសវាងពីការប្រើប្រាស់កងកម្លាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងទទួលយកភាពខុសគ្នារវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ជាពិសេស អរិយធម៌ ដើម្បីកសាងសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះផងដែរ មូលនិធិមិត្តភាពនៃការតភ្ជាប់របស់ហុងគ្រី (Friends of Connectivity Foundation) ក៏បានប្រគល់ «ពានរង្វាន់នៃការតភ្ជាប់ – Grand Prize of Connectivity Award» លើកដំបូងបង្អស់ជូន ឯកឧត្តម សួស យ៉ារ៉ា ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (អាណត្តិឆ្នាំ២០១៩-២០២៥) ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងកម្ពុជា-ហុងគ្រី និងអាស៊ី-អឺរ៉ុប ក៏ដូចជាពានរង្វាន់នៃការតភ្ជាប់ផ្នែកការទូត វប្បធម៌ និងការប្រកួតប្រជែងជូនឥស្សរជនផ្សេងទៀតមកពីចិន ហុងគ្រី និងឥណ្ឌា។


.j.jpg)



