កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានជួបពិភាក្សាលើកំណែទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិនអាមេរិកមកលើទីផ្សារកម្ពុជា។

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាមេរិកចូលនិវត្តន៍) ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជំនួបនេះមិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាទំនាក់ទំនងរវាងរដ្ឋ និងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុនវិនិយោគដោយផ្ទាល់ (FDI) ពីអាមេរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើន និងការស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាមេរិកក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ប្រភពដដែលបានបន្តថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកំណែទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។

ឯកឧត្តម បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្តច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន និងបានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាមជាច្រកតភ្ជាប់វិនិយោគិនអាម៉េរិកទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយនឹងកិច្ចសហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃធនាគារដៃគូ។

គួរបញ្ជាក់ដែរថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុនអាមេរិកធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕