នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង ជាតំណាង អចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចសន្ទនា អន្តរកម្មរវាងរដ្ឋសមាជិកអ.ស.ប. និងអ្នកសម្របសម្រួលអ.ស.ប.ប្រចាំប្រទេស (UN Resident Coordinator – UNRC) ដើម្បីពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងប្រព័ន្ធអភិវឌ្ឍន៍អ.ស.ប. ក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងឱកាសខាងលើ មន្ត្រីជាន់ខ្ពស់ខាងលើ បានអំពាវនាវឱ្យ UNRC និងក្រុមការងារអ.ស.ប. ប្រចាំប្រទេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើចំណុចចំនួន ៣ គឺ៖ (១) ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការកសាងសមត្ថភាពដល់ប្រទេសដែលកំពុងចាកចេញពីឋានៈ LDCs (២) ការជំរុញអភិក្រមប្រកបដោយសមាហរណកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពធន់អាកាសធាតុ និងអភិបាលកិច្ចឌីជីថល ព្រមទាំង (៣) ការពង្រឹងភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធអ.ស.ប. ដើម្បីធានាដល់ការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប. ហើយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អ.ស.ប. ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន សម្រាប់គម្រោងចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩៕




