(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន។
របាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេច២៧.៣៧ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥៨.០៣ពាន់លានដុល្លារ កើនឡើង១៦.២%។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១១ពាន់លានដុល្លារ កើនឡើង២៧.១%។ បន្ទាប់មក គឺវៀតណាមមានតម្លៃ៣.៣ពាន់លានដុល្លារ កើនឡើង០.៤%, ចិនជាង ១.៥ពាន់លានដុល្លារ, ជប៉ុនជិត ១.៥ពាន់លានដុល្លារ, អេស្ប៉ាញជាង ១ពាន់លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលីជាដើម។
ទំនិញសំខាន់ដែលកម្ពុជា នាំចេញភាគច្រើន គឺសម្លៀកបំពាក់, វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ ប្រហាក់ប្រហែល, ស្បែកជើង, ធញ្ញជាតិ, កៅស៊ូ, គ្រឿងសង្ហារឹម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕



