កម្ពុជានាំចេញទំនិញមានទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្ដរជាតិកើន១៤% ក្នុងរយៈពេល ១១ខែឆ្នាំនេះ


(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន។

របាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេច២៧.៣៧ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥៨.០៣ពាន់លានដុល្លារ កើនឡើង១៦.២%។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា, សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១១ពាន់លានដុល្លារ កើនឡើង២៧.១%។ បន្ទាប់មក គឺវៀតណាមមានតម្លៃ៣.៣ពាន់លានដុល្លារ កើនឡើង០.៤%, ចិនជាង ១.៥ពាន់លានដុល្លារ, ជប៉ុនជិត ១.៥ពាន់លានដុល្លារ, អេស្ប៉ាញជាង ១ពាន់លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលីជា​ដើម។

ទំនិញសំខាន់ដែលកម្ពុជា នាំចេញភាគច្រើន គឺ​សម្លៀកបំពាក់​, វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ ប្រហាក់ប្រហែល, ស្បែកជើង, ​ធញ្ញជាតិ​, កៅស៊ូ​, គ្រឿងសង្ហារឹម​, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕