សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ពដែលត្រូវរបួសមកពីសមរភូមិមុខ


កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រាជធានីភ្នំពេញ) ។
ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ និងសួរនាំអំពីហេតុការណ៍ក្នុងពេលប្រយុទ្ធ និងការណ៍ដែលយុទ្ធជនយើងម្នាក់ៗត្រូវរងរបួស ។ សម្តេច បានថ្លែងសរសើរលើកទឹកចិត្ត ដល់ក្មួយៗទាំងអស់ និងជូនពរឱ្យក្មួយៗឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត ៕