ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពអនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង នៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល(WRAP-UP Meeting) នៃបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិនិត្យលើវឌ្ឍនភាពអនុវត្តន៍គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ (CAISAR)។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានការចូលរួមពីលោកស្រី Xiaolon Wang និងលោកបណ្ឌិត Rajesh Yadav ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) និងមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកិច្ចការនារី តំណាងអភិបាលនៃគណៈអភិបាលខេត្តគោលដៅ នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបូកសរុបលទ្ធផលនៃបេសកកម្មត្រួតពិនិត្យលើវឌ្ឍនភាពអនុវត្តន៍គម្រោងCAISAR ដែលទទួលបានជោគជ័យ និងដោយរលូនទៅតាមផែនការដែលបានគ្រោងទុក និងតាមលក្ខខណ្ឌរបស់ធនាគារ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គម្រោងនេះពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធានានូវសន្តិសុខទឹក គ្រប់គ្រងទឹក បញ្ជាទឹក បែងចែកទឹក ជាពិសេសក្នុងរដូវប្រាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ដាំដុះបានច្រើនដងក្នុងមួយរដូវ ហើយឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕