ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ថ្ងៃនេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ លោកមេបញ្ជាការរងតំណាងកងកម្លាំងទាំង៣​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកអភិបាលក្រុង/ស្រុកទាំង៨ នាយកទីចាត់ការចំណុះសាលាខេត្ត​ និងលោក​ លោកស្រីមន្ត្រីរាជការនៃមន្ទីរវប្បធម៌នឹងវិចិត្រសិល្បះខេត្ត​ជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នឹងមន្ត្រី រាជការគ្រប់ផ្នែក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់ រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។​ ទន្ទឹមនេះ​ សូមសម្តែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកស្រី ឥន្ទ ណាគ្រី ដែលក្នុងរយៈពេលជារួម ៤១ឆ្នាំ ជាមន្ត្រីរាជការរបស់មន្ទីរ និងជាប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល ០៧ឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើការគ្រប់គ្រងដឹកនាំ និងបម្រើអង្គភាពឲ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយភាពសុខដុមរមនា និងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តក្នុងការថែរក្សាការពារបានយ៉ាងគត់ម៉ត់នូវទីតាំងទួលបុរាណនានា តាមរយៈការ ខិតខំប្រឹងប្រែងដឹកនាំការងារកំណត់ចំណុចនិយាមការ និងបោះបង្គោលកំណត់ដែនរក្សាការពារទីទួលបុរាណ ព្រមទាំងបានរៀបចំចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិបុរាណដ្ឋាន និងទីទួលបុរាណ ដើម្បី ថែរក្សា និងការពារឲ្យបានគង់វង្ស និងទប់ស្កាត់ពីការចូលកាន់កាប់ និងរំលោភបំពានផ្សេងៗ។

ឯកឧត្តមបន្ថែមថា​ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមសិល្បៈរបស់មន្ទីរក៏ឃើញថាមាន សកម្មភាពរស់រវើកផងដែរ តាមរយៈការនិពន្ធ និងដឹកនាំសម្តែងនៅតាមព្រឹត្តិការណ៍ និង កម្មវិធីនានា ជាពិសេសនៅក្នុងកម្មវិធីផ្លូវការ នៃកិច្ចសហប្រតិបត្តិការរវាងខេត្តស្វាយរៀង និងខេត្តជាប់ព្រំដែន ។ ទាំងអស់នេះគឺសុទ្ធសឹងជាសកម្មភាពចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍន៍ សិល្បៈ វប្បធម៌ និងការការពារបេតិកភណ្ឌជាតិ ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានសមិទ្ធផលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង បន្តធ្វើការពង្រឹងពង្រីកឲ្យបានកាន់ប្រសើរ ថែមទៀត ។

សូមជម្រាបជូនថា​ យោងអនុក្រឹត្យលេខ ៦៥៣ អនក្រ.តត​ ស្តីពី​ ការតែងតាំងមន្ត្រីរាជការ​ ត្រូវបានតែងតាំងលោក ឡាយ សុខា អត្តលេខ ១៨៥២០០០១៧២ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ ២ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀងជំនួសលោកស្រី ឥន្ទ ណាត្រី ដែលបានចូលនិវត្តន៍។