ឯកឧត្តម ហេង សួរ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង


(ខេត្តកោះកុង)៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១ ០០០គ្រួសារ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

 

ក្នុងពិធីប្រគល់-ទទួលអំណោយនេះ ឯកឧត្តម ហេង សួរ បានប្រគល់ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និង ឯកឧត្តម ថុង ណារុង អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ព្រមទាំងមានការចូលរួមពី យុវជនគណបក្សខេត្តកោះកុង និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល។

 

ថ្លែងក្នុងពិធីនេះ លោកជំទាវ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល ដែលជាគុណប្រយោជន៍ដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តកោះកុង។ លោកជំទាវ បានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅមានសុវត្ថិភាព។

 

នាឱកាសនេះដែរ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈ លោកជំទាវ ចំពោះស្ថានភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្រ្តខេត្តកោះកុង ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះពីសង្គ្រាមឈ្លានពានពីយោធាថៃ មកកន្លែងមានសុវត្ថិភាព។

 

អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដើម្បីផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០០០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបានរួមមាន៖ អង្ករ, សាច់មាន់ផាត់, ឆៃប៉ូវ, ត្រីងៀត, មីជាតិ, សៀង, ពងទាសាប, ពងទាប្រៃ, ត្រីខ, ទឹកភេសជ្ជៈ និងទឹកសុទ្ធ។