ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ជូនដល់គណៈអធិបតី និងអង្គពិធី និងបានធ្វើការប្ដេជ្ញាចិត្ត ខិតខំពង្រឹងពង្រីកសមត្ថភាពដល់ មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់ជានគរបាលទាំងអស់ត្រូវឈរលើភាពស្មោះត្រង់ ហើយគោរពលើឯកសណ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានភាពកក់ក្តៅ និងសុខសុវត្ថិភាព។ ឯកឧត្តមបានស្នើសុំដល់កងកម្លាំងនគរបាលត្រូវអនុវត្តតួនាទីភារកិច្ចឲ្យច្បាស់នូវលិខិតបទដ្ឋាន និងការណែនាំអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាល ដើម្បីបម្រើជាតិមាតុភូមិ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ បានណែនាំដល់កងកម្លាំងទាំងអស់៖
*ទី១៖ ជំរុញឲ្យលោកស្នងការនគរបាលខេត្ត ត្រូវពង្រឹងកម្លាំងការពារសន្តិសុខជាតិ ត្រូវក្តាប់ការងារឲ្យបានរឹងមាំ ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព
*ទី២៖ គឺត្រូវសាមគ្កីភាពផ្ទៃក្នុងនៅក្នុងអង្គភាពឲ្យបានរឹងមាំ នាំគ្នាអនុវត្តការងារដែលសល់ឲ្យបានរួចរាល់ទៅតាមគ្រប់ជំនាញទាំងអស់
*ទី៣៖ ត្រូវមានទំនាក់ទំនងការងារជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ជាមួយអាជ្ញាធរ ជាមួយរដ្ឋបាលខេត្ត ជាពិសេសជាមួយនិង អភិបាលខេត្តឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានបន្ថែមទៀតថា ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាព គ្រប់ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបង្កើនការធ្វើផែនការអនុវត្កការងារតាមអង្គភាពនីមួយៗ ឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ការត្រួតពិនិត្យលើលទ្ធផលរបស់ខ្លួន តើសម្រេចបានដូចផែនការដែលបានគ្រោងទុកដែលឬអត់។ ទាំងនេះសបញ្ជាក់អំពីការជំរុញ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕






























