សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណនាយកសាលាអន្តរជាតិ អាយ ស៊ី អេស ដែលផ្តល់ថវិកា ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ពីលោក ជ្រិន សុធា នាយកសាលាអន្តរជាតិ អាយ ស៊ី អេស (ICS) ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹកក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់កងទ័ពថៃ មកលើអធិបតេយ្យកម្ពុជា។

តាងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាលាអន្តរជាតិ ICS ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១ម៉ឺន ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ព្រមទាំងការឧបត្ថម្ភដល់ជនភៀសសឹក ក៏ដូចជាចូលរួមចំណែកសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។

សម្តេចរដ្ឋសភាធិបតីបានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ របស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជនទំាងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រំាជាមួយមហាគ្រួសារខ្មែរជាធ្លុងមួយ ឈរពីក្រោយរាជរដ្ឋាភិបាល និងវីរៈកងទ័ពប្រឆំាងនឹងការឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គូសបញ្ជាក់ថា អំណោយសប្បុរសធម៌ទំាងអស់ដែលសម្តេចទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកា និងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ចូលបុណ្យសពវីរយុទ្ធជនពលី។

បើតាមការលើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី, កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លាន ពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងន័យនេះ សម្ដេចប្រធានរដ្ឋសភា សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងបន្តបេសកកម្មការពារទឹកដី។ រដ្ឋសភាស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕