អភិបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៤សាលា ក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស សម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក


នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៤ សាលា នៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងដឹកយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹក នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដែលកំពុងជួបការលំបាក។

នៅទីតាំងកន្លែងទទួលស្បៀង និងសម្ភារផ្សេងៗក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រុមការងាររដ្ឋបាលខេត្តដែលជាអ្នកទទួលរឿងឧបភោគបរិភោគពីសិស្សានុសិស្សនិងលោកគ្រូ -អ្នកគ្រូ បានឱ្យដឹងថា អំណោយទាំងអស់ខាងលើនេះបានឧបត្ថម្ភពីលោក-លោកស្រីនាយក-នាយករងសាលាចំនួន១៤សាលា នៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស ដើម្បីត្រៀមទុកសម្រាប់ដឹកយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹកនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដែលកំពុ ងទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម។

គ្រឿងឧបភោគបរិភោគដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សបានឧបត្ថម្ភខាងលើនេះរួមមាន៖ អង្ករ ៥៨៦គីឡូ, ត្រី ខ៧៣យួរ, ទឹកសុទ្ធ២៩៨យួរ, មី ៦៨កេស, ប្រេងសណ្ដែកមួយធុង ៥លីត្រ, ត្រីខ ៨យួរ, ទឹកត្រី ២៣យួរ, ទឹកស៊ីអ៉ីវ ៥៣យួរ, ភេសជ្ជៈ ៣១យួរ, អំបុក ៦៣គីឡូ និងថវិកា ២៣ម៉ឺនរៀល។

ក្នុងឱកាសទទួលនូវថវិការ និងគ្រឿងឧបភោគបរិភោគខា ងលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក-លោកស្រីនាយក- នាយករងសាលា និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលជាសប្បុរសជន បានបរិច្ចាគនូវធនធានដើម្បីចូលរួមឧបត្ថម្ភដល់កងទ័ពកំពុងឈរជើងនៅសមរភូមិមុខ និងជនភៀសសឹកដែលមកតាំងទីលំនៅក្នុងជំរំជនភៀសខ្លួន។ ទាំងនេះសបង្ហាញឱ្យឃើញថា គឺជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយរំលែកនូវទុក្ខលំបាកជាមួយនឹងរាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មជាមួយកងទ័ពនៅសមរភូមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជារបស់យើងពីសំណាក់ពួកចោរសៀមឈ្លានពាន។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកលំបិនដែលប្រទេសជាតិកំ ពុងជួបនូវវិបត្តិដោយសារសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម ឯកឧត្តមអភិបាលខេត្តក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗជូនដល់វីរយុទ្ធជននៅសមរភូមិមុខ និងជនភៀសសឹកនៅតាមជំរំជនភៀសខ្លួនតាមបណ្ដោយព្រំដែនខ្មែរ-ថៃ នៅគ្រប់សមរភូមិ ជាពិសេសគឺលោកអភិបាលបានជួយឧបត្ថម្ភដល់គ្រួសារវីរយុទ្ធជនដែលពលីនៅក្នុងសមរភូមិ និងជនដល់ជនភៀសសឹកជាច្រើនគ្រួសារដែលមកស្នាក់នៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងនេះ៕