ថ្នាក់ដឹកនាំសាសនានៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសកម្មភាពឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាសនានៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសកម្មភាពឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមថ្នាក់ដឹកនាំ និងសាសនិកគ្រប់និកាយសាសនានៅព្រះរាជាណាចក្រកម្ពុជា អាត្មាភាព យើងខ្ញុំ សូមចម្រើនពរ ជម្រាបជូនអំពីសកម្មភាពឈ្លានពានដោយប្រដាប់អាវុធ គ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ពីសំណាក់កងទ័ពថៃមកលើព្រះរាជាណាចក្រកម្ពុជា ចំនួន ២លើក ដោយលើកទី១ គិតចាប់តាំង ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេល នេះ ក៏នៅមិនទាន់បញ្ចប់សកម្មភាពដ៏សាហាវព្រៃផ្សៃយង់ឃ្នងនេះនៅឡើយ»។

ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤៖១៥នាទី កងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារ ចូលជ្រៅមកលើទឹកដីកម្ពុជាដោយអាវុធធន់ធ្ងន់ មានកាំភ្លើងត្បាល់ កាំភ្លើងផ្លោង គ្រាប់បែកចង្កោម រថក្រោះ យន្តហោះចម្បាំង F-16 យន្តហោះគ្មានមនុស្សបើក និងបាញ់ផ្សែងពុលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ព្រំប្រទល់ខេត្តសៀមរាប។

យោធាថៃបានធ្វើសកម្មភាពដ៏កំរោល ដោយបើកការបាញ់ប្រហារដោយមិនរើសគោលដៅចូលទីប្រជុំជន ភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ វត្តអារាមសាសនា សាលារៀន មន្ទីរពេទ្យ បំផ្លិចបំផ្លាញស្ពាន ថ្នល់ សំណង់អគារ និងបានបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទខ្នារ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាទីសក្ការៈរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលជាការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ កងទ័ពថៃបានពង្រីកការវាយប្រហារ របស់ខ្លួនចូលជ្រៅទៅកាន់តំបន់ផ្សេងទៀត ដែលមានប្រជាជនស៊ីវិលរស់នៅ និងមិនមែនជាទីតាំងសមរភូមិ ដោយរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងលក្ខខណ្ឌដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងកូឡាឡាំពួ ដែលធ្វើឡើងដើម្បីដោះស្រាយវិវាទព្រំដែន និងការងារខណ្ឌសីមាព្រំដែន ដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ ដើម្បីជៀសវាងការគំរាមប្រើប្រាស់កម្លាំង ឬការប្រើប្រាស់កម្លាំង។

ស្របពេលដែលកម្ពុជាបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងយន្តការច្បាប់អន្តរជាតិ ហើយគោរពយ៉ាងម៉ឺងមាត់នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើ ជាសាក្សី ដោយឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំអាស៊ាន សាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសជាដៃគូនានា។

ទោះបីជាត្រូវរងការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងការវាយប្រហារជាបន្តបន្ទាប់ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសេចក្តីចែងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងមាត្រា ២ (៣) ស្តីពីការដោះស្រាយវិវាទដោយសន្តិវិធី និងមាត្រា ២ (៤) ស្តីពីការហាមប្រើកម្លាំង។ កម្ពុជាពិតជាមិនចង់ធ្វើការឆ្លើយតប តាមវិធីណាមួយផ្សេងក្រៅពីការដោះស្រាយដោយសន្តិវិធី តាមផ្លូវការទូត និងយន្តការច្បាប់អន្តរជាតិ ដើម្បីការពារ អាយុជីវិតប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួន។ កងកម្លាំងកម្ពុជាបានអត់ធ្មត់ជាអតិបរិមា និងមិនបានធ្វើការ ឆ្លើយតបរយៈពេល ២៤ម៉ោង។ ទោះជាយ៉ាងនេះក្តី កម្ពុជារក្សាសិទ្ធិការពារខ្លួន ដោយផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។

«តាងនាមថ្នាក់ដឹកនាំ និងបរិស័ទគ្រប់និកាយសាសនានៅព្រះរាជាណាចក្រកម្ពុជា អាត្មាភាព យើងខ្ញុំសូម ឱ្យថ្នាក់ដឹកនាំ និងសាសនិកគ្រប់និកាយសាសនានៅទូទាំងពិភពលោក ចូលរួមអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់ អំពើឈ្លានពានមកលើកម្ពុជាជាបន្ទាន់ ដែលជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយ ងាកមកគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកាតព្វកិច្ចទាំងឡាយនៅ ក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះការសន្ទនាដោយសន្តិវិធី តាមការទូត និងច្បាប់អន្តរជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដដែល។

សូមជម្រាបថា យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ៕