សម្តេចភក្តី សាយ ឈុំ ចាត់តំណាងនាំអំណោយជា ថវិកានិងគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខវីរៈកងទ័ពសមភូមិមុខ និងជនភៀសសឹក ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត្រ


រសៀលថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋារាជធានីភ្នំពេញ បានចាត់ ឯកឧត្តម ម៉ម ឡេងយ៉ានី ជំនួយការផ្ទាល់របស់សម្តេច ចុះសួរសុខទុក្ខវីរៈកងទ័ពសមភូមិមុខ និងជនភៀសសឹក ដែលរងរបួសក្នុងពេលប្រយុទ្ធការពារបូរណភាពទឹកដី និងរងរបូសដោយសារគ្រាប់បែក គ្រាប់ផ្លោង និងការបាញ់ប្រហារពីសំណាក់កងទ័ពចោរសៀមឈ្លានពាន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត្រ… សរុបចំនួន២៨រូប។

ឯកឧត្តម ម៉ម ឡេងយ៉ានី បាននាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេសពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចំពោះវីរៈកងទ័ពសមរភូមិមុខ និងជនភៀសសឹកទាំងអស់ ព្រមទាំងថ្លែងអំណរគុណ និងជូនពរអោយឆាប់បានជាសះស្បើយ ដើម្បីឆាប់បានត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងយុទ្ធមិត្តនៅឯសមរភូមិវិញ ។