វីរយោធិនកម្ពុជាទាំង ១៨រូប ត្រូវបានភាគីថៃដោះលែងហើយ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្ទាប់ពីភាគីថៃគ្រប់គ្រងអស់រយៈពេល ១៥៥ថ្ងៃ។
សូមរំលឹកថា វីរយោធិន ចំនួន ២០រូប ត្រូវបានទាហានថៃចាប់ខ្លួន និងគ្រប់គ្រងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ហើយវីរយោធិន ២រូប ត្រូវបានភាគីថៃប្រគល់ឱ្យកម្ពុជាវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរយោធិនកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរយោធិនរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួនណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។



