(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីពេលថ្មីៗនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ «កម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយប្រទេសជាច្រើនមានដូចជា៖ សហរដ្ឋអាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជិតខាងមានដូចជា វៀតណាម និងថៃ ជាដើម ហើយការចាប់ខ្លួន លោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយ»។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «លោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលយើងធ្វើការស៊ើបអង្កេត សញ្ជាតិរបស់គាត់មិនត្រូវបានទទួលបានដោយស្របច្បាប់នោះទេ ហើយគាត់ក៏ជាជនជាតិចិនផងដែរ ដូច្នេះយើងបានសម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន»។
សូមរម្លឹកថា ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកគោរមងារអ្នកឧកញ៉ាពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥។ ក្រោយមកលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ និងបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន៕


