រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនបណ្ឌិត ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត លើប្រធានបទ “ការកសាងប្រព័ន្ធរង្វាយតម្លៃការសិក្សារបស់សិស្សប្រកបដោយសង្គតិភាព ដើម្បីគាំទ្រការអនុវត្តការអប់រំផ្អែកលើសមត្ថភាពក្នុងបរិបទការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា” ដោយបេក្ខជនបណ្ឌិត អ៊ុង បូរាត នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនបណ្ឌិត ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់។

ការសិក្សានេះផ្តោតលើការផ្លាស់ប្តូរប្រព័ន្ធវាយតម្លៃរបស់កម្ពុជាឱ្យស្របតាមការអប់រំផ្អែកលើសមត្ថភាព (Competency-Based Education – CBE)។ ទោះបីកម្ពុជាមានទិន្នន័យវាយតម្លៃអន្តរជាតិ (ដូចជា SEA-PLM និង PISA) ក៏ដោយ ប៉ុន្តែការស្រាវជ្រាវអំពីរបៀបប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីកែលម្អការបង្រៀននៅកម្រិតសាលានៅមានកម្រិត។

គោលបំណងចម្បងនៃការសិក្សាគឺ៖ (១). ពិនិត្យមើលការអនុវត្តការវាយតម្លៃការសិក្សារបស់សិស្សនាពេលបច្ចុប្បន្ន (២). វិភាគលើគម្លាតរវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែង (៣). ដកស្រង់បទពិសោធន៍ល្អៗពីសាលាដែលមានប្រសិទ្ធភាពខ្ពស់ (៤). រៀបចំក្របខ័ណ្ឌប្រព័ន្ធវាយតម្លៃដែលស៊ីចង្វាក់គ្នាដើម្បីគាំទ្រដល់ CBE។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនបណ្ឌិត ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះ ដោយនិក្ខេបបទនេះបានផ្តល់នូវទស្សនៈវិស័យយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើដំណើរការកែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈការរំលេចឱ្យឃើញនូវសមិទ្ធផល និងបញ្ហាប្រឈមនានានៃប្រព័ន្ធរង្វាយតម្លៃការសិក្សានាពេលបច្ចុប្បន្ន។ ការសិក្សានេះពិតជាមានភាពពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងអាទិភាពគន្លឹះរបស់ក្រសួងអប់រំ ក្នុងការផ្លាស់ប្តូរពីការវាយតម្លៃដែលផ្តោតខ្លាំងតែលើចំណេះដឹងខ្លឹមសារ និងការចងចាំសម្រាប់ការប្រឡង ទៅជាការវាយតម្លៃដែលជាផ្នែកមួយមិនអាចខ្វះបាននៃសកម្មភាពបង្រៀន និងរៀនប្រចាំថ្ងៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានការពារនិក្ខេបបទនេះដោយជោគជ័យ ដោយលទ្ធផលនៃការស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបណ្តុះជំនាញវិភាគ និងការដោះស្រាយបញ្ហា ដូចដែលបានអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មីជាដើម៕