(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន (SOM) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឲ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងបរិបទនៃនិម្មាបនកម្មតំបន់ និងពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម រួមមានការវិវត្តនានានៅប្រទេសមីយ៉ាន់ម៉ា និងវិធានការតាមដានចំពោះលទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕





