ក្នុងជំនួបជាមួយរដ្ឋមន្រ្តី ជា វ៉ាន់ដេត, តំណាងថ្មី UNESCO ប្រចាំកម្ពុជា ព្រួយបារម្ភអំពីការខូចខាតប្រាសាទបូរាណ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពីការឈ្លានពានរបស់យោធាថៃ


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Flavio Bonetti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសូមជូនពរឯកឧត្តមទទួលបាននូវភាពជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោក Flavio Bonetti អំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងប្រាសាទបូរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។

ជាការឆ្លើយតប លោក Flavio Bonetti បានថ្លែងអំណរគុណចំពោះការជូនពរ និងសម្ដែងការព្រួយបារម្ភអំពីការខូចខាតប្រាសាទបូរាណ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Flavio Bonetti ក៏បានពិភាក្សាគ្នាលើការងារបណ្តុះបណ្តាលធនធានមនុស្សឌីជីថល កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាល verify និងថ្នាល DG SuperApp។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Flavio Bonetti ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងក្រសួង និង UNESCO៕