អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៥៥១បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅឃុំព្នៅ ស្រុកសន្ទុក


(កំពង់ធំ)៖ ក្នុងការអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់រាជរដ្ឋាភិបាលដែលមានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៥៥១បណ្ណ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏សម្ដេចមហាបវរធិបតីតែងតែណែនាំដល់ថ្នាក់ដឹកនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា «នៅគ្រប់កាលៈទេសៈទាំងអស់ យើងត្រូវរួបរួមគ្នា ក្រោមស្មារតីសាមគ្គីឯកភាពជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំយើង ដើម្បីឆ្លងកាត់នូវរាល់ឧបសគ្គនានា ដែលប្រទេសជាតិយើងជួបប្រទះ»

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះ ឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើង៕