រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦


ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , លោកអគ្គលេខាធិការរងអាស៊ាន ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបប្រមាណ ១៥០រូប។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា៖ ការពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តសកម្មភាពនានាដែលសម្រេចបានកាលពីឆ្នាំ២០២៥, ទិសដៅការងារ និងចំណុចអាទិភាពនៃការអនុវត្តផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០, ផែនការកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយប្រទេសបូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ), ជាមួយប្រទេសឥណ្ឌា, និងសហព័ន្ធរុស្ស៊ី, កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអង្គការអន្តរជាតិ (ធនាគារអភិវឌ្ឍន៍អាស៊ី) និងអង្គការ/ដៃគូសហការរបស់អាស៊ាន (សមាគមទេសចរណ៍អាស៊ាន, ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក អាស៊ាន, វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីខាងកើត, អង្គការទេសចរណ៍សហប្រជាជាតិ, ក្រុមប្រឹក្សាពិភពលោកធ្វើដំណើរនិងទេសចរណ៍, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក)៕