ឧនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន


សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អគ្គរដ្ឋទូត អគ្គរាជទូត តំណាងអង្គទូតប្រចាំប្រទេសកម្ពុជា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល២ថ្ងៃរបស់ក្រសួងបរិស្ថានបានដំណើរការយ៉ាងរលូន តាមរបៀបវារៈដែលបានគ្រោងទុក។​ ជាមួយគ្នានេះដែរក្រសួងរិស្ថាន បានសម្រេចនូវសមិទ្ធផលគួរជាទីមោទនជាច្រើនក្នុងវិស័យបរិស្ថាន ជាពិសេសបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦ ដើម្បីធ្វើយ៉ាងសម្រេចឱ្យបានបុព្វហេតុបរិស្ថាន។

សន្តិបណ្ឌិត នេត សាវឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្រសួងបរិស្ថាន ដែលបានដាក់ចេញ អនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងរយៈពេលជិត ២ឆ្នាំកន្លះ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរាយការណ៍យ៉ាងពិស្តារ និងសូមថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារអភិរក្ស គ្រប់គ្រងនិងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។

សន្តិបណ្ឌិត នេត សាវឿន បានបន្តថា ទន្ទឹមនឹងនេះ នៅពេលដែលយើងសម្លឹងទៅអនាគត ចូរយើងក្រឡេកមើលទៅអតីតកាល ដែលបានកសាងមូលដ្ឋានគ្រឹះ ហើយនាំកម្ពុជាមកដល់ចំណុចនៃការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងន័យនេះសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងវីរជននិងឥស្សរជនផ្សេងទៀត ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ កសាងកម្ពុជាពីសង្គ្រាម ហែកហួរ និងផេះផង់ ឈានមកដល់ការកសាង និងរក្សាបាននូវគ្រឹះសន្តិភាពដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសមារណកម្មសកលដ៏រស់រវើក។ គុណតម្លៃនៃសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ដែលសម្រេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ គឺជាគ្រឹះដែលវិស័យបរិស្ថានកម្ពុជា មានការអភិវឌ្ឍ នៅក្នុងបរិបទនៃការប្រែប្រួលសកលដ៏ឥតឈប់ឈរ។

ឆ្លើយតបទៅនឹង «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០», សន្តិបណ្ឌិត នេត សាវឿន នៅតែវាយតម្លៃខ្ពស់នៃគុណតម្លៃលើកិច្ចការថែរក្សា ការពារ អភិរក្ស បរិស្ថាន និងធនធានធម្មជាតិសម្រាប់មូលដ្ឋានកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ប្រកបដោយបរិយាបន្ន ដែលនេះក៏ជាជម្រើសរបស់ប្រទេសភាគច្រើននៅក្នុងតំបន់ និងសកលផងដែរ ពិសេស បណ្តាប្រទេសក្នុងតំបន់ត្រូពិច នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕