កម្ពុជា និងសិង្ហបុរី ចុះ MoU ពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធប្រកបដោយចីរភាព


កម្ពុជា និងសិង្ហបុរី បន្តចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីពង្រីក​កិច្ច​​សហ​ប្រតិបត្តិការ​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។ MoU នេះ បានធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ជាមួយស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី របស់សិង្ហបុរី។

ពិធីចុះហត្ថលេខាលើ MoU នេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងលោក មាស សុខសេនសាន រដ្ឋលេខាធិការ និង ជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ ជាមួយលោក Lavan Thiru នាយកប្រតិបត្តិ នៃស្ថាប័នហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី របស់សិង្ហបុរី។

ផ្អែកតាមក្របខណ្ឌនៃ MoU ថ្មីនេះ, ភាគីទាំងពីរនឹងបន្តកិច្ចសហការលើការពង្រឹងដល់​ការរៀបចំរចនាសម្ព័ន្ធ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ, សម្របសម្រួលទំនាក់​ទំនងរវាងភាគីពាក់ព័ន្ធគន្លឹះ, ជំរុញការអភិវឌ្ឍសមត្ថភាព និងការជំរុញវិនិយោគឯកជន​សម្រាប់គាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់ទៅលើវិស័យអាទិភាពរបស់កម្ពុជា រួមមាន ថាមពលកកើតឡើងវិញ ទឹកស្អាត ការគ្រប់គ្រងសំណល់ ការដឹកជញ្ជូន និងភស្តុភារ​កម្ម ព្រមទាំងពង្រីកទៅកាន់វិស័យមានសក្ដានុពលផ្សេងទៀតផងដែរ។

នៅក្នុងពិធីនោះ លោក មាស សុខសេនសាន បានគូសរំលេចថា ហេដ្ឋារចនាសម្ព័ន្ធដែល​មានគុណភាព គឺជាអភិក្រមគន្លឹះមួយ ដើម្បីជំរុញភាពប្រកួតប្រជែង ពាណិជ្ជកម្ម និងជីវ​ភាព​រស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងនោះ យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នឹង​ដើរ​តួយ៉ាងសំខាន់ក្នុងការទាក់ទាញទុនវិនិយោគឯកជន ដែលមានការគាំទ្រដោយ​ក្រប​ខណ្ឌ​ច្បាប់ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង ឯកជន ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា តាមរយៈ MoU ថ្មីនេះ ភាគី​ទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការជំរុញការអភិវឌ្ឍគម្រោងហេដ្ឋា​រច​នាសម្ព័ន្ធ​ដែលអាចទទួលបានហិរញ្ញប្បទាន ក្នុងទិសដៅទាក់ទាញដៃគូវិនិយោគិន​សក្តា​នុពល ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យអាទិភាពរបស់កម្ពុជា។

លោក មាស សុខសេនសាន បានថ្លែងអំណរគុណចំពោះស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិក្នុងក្របខណ្ឌនៃ MoU ថ្មីនេះ ដែលជាការឆ្លុះ​បញ្ចាំង​ពីភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាបង្ហាញអំពីការប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព បរិយាប័ន្ន និងចីរភាពនៅ​កម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីការចុះហត្ថលេខា MoU លើកដំបូងកាលពីឆ្នាំ២០១៩ ​មក​ដល់បច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី បាន​សហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីគាំទ្រដល់របៀបវារៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការ​កសាងសមត្ថភាព និង ការដាក់បង្ហាញអំពីកាលានុវត្តភាពសម្រាប់ការវិនិយោគ​នៅ​កម្ពុជា៕