ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថា្នក់ ត្រូវរួមគ្នាទប់ស្កាត់ឲ្យខានតែនូវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ការក្រើនរំលឹកយ៉ាងដូច្នេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុង ស្រុក ខេត្តសៀមរាប និងលោក លោកចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងរដ្ឋបាលខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងនូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៦នេះ គឺត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងក្បត់ជាតិខុសច្បាប់មួយចំនួន។ ខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។
ឯកឧត្តមបានណែនាំឲ្យជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មេីស គ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នានៅ តាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមកសាង «ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន» ដែលចិត្តទុកដាក់ខ្ពល់លេីបញ្ហាទាំងអស់នេះ។ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ លើការពង្រឹងកាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាព ជាពិសេសការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅហ្នឹងកន្លែងឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន និងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ជាមួយនិងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានខិតខំដោះស្រាយបញ្ហាប្រឈមនានា។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ពីសន្តិសុខជាតិ និងស្ថានភាពជារួមក្នុងប្រទេសជាតិយើង ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ នៅលើឆាកអន្តរជាតិផងដែរ៕




















