អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា ដើម្បីផ្តល់ដល់កុមារ និងសិស្សភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ជម្លោះនៅតាមព្រំដែន បានមកសិក្សារៀនសូត្រនៅខេត្តកំពង់ធំ។ ម៉្យាងទៀត ជាមោទនភាពនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ទទួលបានជ័យលាភីស្តង់ដាសាលារៀនគំរូ ចំនួន១៦សាលា។ បន្ទាប់មក អង្គសន្និបាតបានដាក់ចេញនូវយុទ្ធសាស្រ្តមួយ សម្រាប់អនុវត្តក្នុង ឆ្នាំសិក្សា២០២៥-២០២៦នេះ គឺ«ពង្រឹងអភិបាលកិច្ច ឆ្ពោះទៅសម្រេចស្តង់ដាសាលារៀនគំរូ»។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរ ក្នុងការងារអភិវឌ្ឍវិស័យអប់រំ កន្លងមកតាមរយៈរបាយកាណ៍បូកសរុបលទ្ធផលសន្និបាត របស់លោកប្រធានមន្ទីរ បានបង្ហាញពីលទ្ធផលការងារក្នុងឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកនេះ ដែលសមិទ្ធផលទាំងអស់នេះ ក៏បានឆ្លុះបញ្ចាំងពីការរីកចម្រើនទាំងគុណភាព និងបរិមាណ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ និងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់វិស័យអាទិភាព៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមបន្តថា ដើម្បីឲ្យការអភិវឌ្ឍវិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យុវជន និងកីឡា ត្រូវតែអនុវត្តផែនការជាអាទិភាព មួយចំនួនសម្រាប់ជាមូលដ្ឋានរួមមាន៖

*ទី១៖ ត្រូវបង្កើនការប្រមូលកុមារ ដែលមានអាយុពី៣ឆ្នាំ ដល់៥ឆ្នាំ ឲ្យបានចូលរៀនមត្តេយ្យ សិក្សាជាអតិបរមា តាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន

*ទី២៖ ត្រូវប្រមូលកុមារដែលបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងមធ្យមសិក្សាឲ្យបានចូលរៀនឡើងវិញ ដោយបណ្តុះបណ្តាលពួកគេឱ្យមានជំនាញវិជ្ជាជីវៈ និងបំណិន ជីវិតផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន

*ទី៣៖ ខិតខំជំរុញបន្ថែមលើការងារបច្ចេកទេសបង្រៀន រៀន និងការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា នៅគ្រប់ភូមិសិក្សា ដើម្បីធានាគុណភាពអប់រំនៅកម្ពុជា ឲ្យបានស្របតាមកម្មវិធីអប់រំក្នុងតំបន់ និងសកលលោក

*ទី៤៖ ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលារៀន ដើម្បីឲ្យក្លាយជាទីមេត្រីដល់កុមារទាំងអស់ បានចូលរៀននៅបឋមសិក្សា និងចូលរៀនកាន់តែច្រើនឡើងនៅថ្នាក់មធ្យមសិក្សា តាមរយៈការសាងសង់សាលារៀន ភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា សំណង់ ទឹកស្អាត បង្គន់អនាម័យ ធានាបាននូវសុខុមាលភាពយ៉ាងសុខដុមរមនាដល់ក្មួយៗ សិស្សានុសិស្ស

*ទី៥៖ ត្រូវពង្រឹង និងលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ជាពិសេសការអនុវត្តឲ្យបានសម្រេចតាមគ្រប់រូបភាពនូវស្តង់ដាសាលារៀនគំរូ ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាពដល់មូលដ្ឋាន

*ទី៦៖ ត្រូវអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បីឈានទៅ សម្រេចបាននូវគុណភាពអប់រំ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា

*ទី៧៖ ត្រូវពង្រឹងការងារអភិបាលកិច្ច ឲ្យបានគ្រប់ជ្រុងជ្រោយដល់គ្រប់គ្រឹះស្ថានសិក្សា

*ទី៨៖ ត្រូវពង្រឹងការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង ដើម្បីធានាបាននូវចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្សជាវិជ្ជមាន

*ទី៩៖ ត្រូវបន្តការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀនជាប្រចាំ

*ទី១០៖ ត្រូវកៀរគរសហគមន៍ អាជ្ញាធរដែនដី មាតាបិតា អង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមក្នុងការកែលម្អ និងអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចម្រើន ស្របតាមតម្រូវការទីផ្សារការងារ ទាំងក្នុងតំបន់ និងពិភពលោក៕